សកម្មភាពបោសសម្អាតមីនក្នុងអំឡុងពេលនៃការរាតត្បាតជាសកល

24 August 2020

ខណៈពេលដែលរាជរដ្ឋាភិបាល និងសហគ្រាសនានារួសរាន់បិទទ្វារ ឬកាត់បន្ថយសកម្មភាពរបស់ខ្លួន ដើម្បីទប់ស្កាត់ការរាតត្បាតជាសកល និងសម្រួចធនធានដែលមានលើសេវាបន្ទាន់ និងចាំបាច់ សកម្មភាពបោសសម្អាតមីនដែលជាការងារដ៏សំខាន់នៅតែបន្តសកម្មភាពដដែលក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្ពុជា នៅតែជាប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីនធ្ងន់ធ្ងរជាងគេក្នុងពិភពលោក ជាមួយនឹងការប៉ានប្រមាណថា នៅមានគ្រាប់មីនដែលនៅសេសសល់ប្រមាណពី ៤ ទៅ ៦ លានគ្រាប់ ដែលកំពុងបន្តគំរាមកំហែងដល់ប្រជាជននៅក្នុងប្រទេសនេះ។

ទាំងការគ្រប់គ្រងជំងឺកូវីដ-១៩ ទាំងការដោះមីន សុទ្ធតែមានសារៈសំខាន់ក្នុងការជួយសង្គ្រោះជីវិត ។ជាមួយនឹងការចាត់វិធានការទាន់ពេលវេលាពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងដោយសារតែកម្រិតចម្លងទាបក្នុងតំបន់អាស៊ីអាគ្នេយ៍កន្លងមក កម្ពុជាបានគេចផុតពីការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងមានអត្រាស្លាប់សូន្យគិតរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ប៉ុន្តែស្ថានភាពស្លាប់ និងរងបួសដោយសារគ្រាប់មីនមិនដូច្នេះឡើយ។ ចាប់តាំងពីពេលដែលជំងឺកូវីដ-១៩ ត្រូវបានប្រកាសថាជាការរាតត្បាតជាសកលក្នុងខែមីនា ឆ្នាំ​២០២០ មក ក្នុងព្រះរាជាណាចក្រកម្ពុជា មានករណីរបួស និងស្លាប់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមចំនួន ៣៩ នាក់។ ខណៈពេលដែលយើងធ្វើការពិចារណាពីការងារជាអាទិភាពសំខាន់ៗក្នុងអំឡុងពេលនៃការរាតត្បាតជាសកល មានហេតុផលជាច្រើនដែលយើងពុំអាចកាត់បន្ថយការងារមនុស្សធម៌ដ៏មានសារៈសំខាន់ក្នុងការជួយសង្គ្រោះជីវិតនេះឡើយ។

ក្រៅតែពីលទ្ធភាពជួយសង្គ្រោះជីវិតមនុស្សដោយផ្ទាល់ សកម្មភាពបោសសម្អាតមីនក៏សំខាន់ សម្រាប់ផលិតកម្មកសិកម្មនៅកម្ពុជាផងដែរ។ វិស័យកសិកម្ម គឺជាវិស័យមួយក្នុងចំណោមវិស័យមួយចំនួនដែលនៅសម្រេចបានលទ្ធផលល្អប្រសើរ បើទោះបីជាមានការរាតត្បាតជាសកល។ បើតាមប្រសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចេញអង្ករមានការកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ ពោលគឺកើនឡើងរហូតដល់​៣៨% ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២០ ​បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ នេះរំលេចឱ្យឃើញពីភាពចាំបាច់បន្ទាន់ក្នុងការបោសសម្អាតមីន និងផ្ដល់ដីមានសុវត្ថិភាពជូនសហគមន៍សម្រាប់ប្រើប្រាស់ក្នុងការងារបង្កបង្កើនផល។

ការបង្កើតឱកាសប្រកបមុខរបរចិញ្ចឹមជីវិត មានសារៈសំខាន់ជាពិសេស ខណៈពេលដែលពលករ    ចំណាកស្រុកសម្រុកវិលត្រឡប់មកកម្ពុជាពព្រះរាជាណាចក្រថៃឡង់វិញដោយសារតែជំងឺកូវីដ-១៩។ ការអង្កេតមួយដែលធ្វើឡើងលើពលករចំណាកស្រុកចំនួន ៣២០ នាក់ ក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រាប់មីននៅ បានរកឃើញថា ពួកគេជាងពាក់កណ្ដាលនៅមិនទាន់រកការងារបានធ្វើនៅឡើយ។  ដោយសារតែពេលវេលាទៅមុខមិនមានភាពប្រាកដប្រជា ពោលគឺមិនដឹងថាតើពួកគេនឹងបន្តស្នាក់នៅក្នុងប្រទេសកំណើតរបស់ពួកគេយូរប៉ុនណានោះ មានភាពចាំបាច់បន្ទាន់មួយក្នុងការធានាយ៉ាងណាឱ្យពួកគេមានដីដែលគ្មានគ្រាប់មីន សម្រាប់បង្កបង្កើនផល។

ចាប់តាំងពីពេលដែលការរាតត្បាតជាសកលចាប់ផ្ដើមកើតឡើង ប្រតិបត្តិករដោះមីននៅកម្ពុជាបានបន្តធ្វើការងារពេញសមត្ថភាព ដើម្បីសម្រេចលទ្ធផលទាំងនេះ។ ពួកគេបានអនុវត្តវិធានការថ្មីៗ ដើម្បីគោរពតាមគោលការណ៍ណែនាំស្ដីពីសុខភាព និងអនាម័យដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូររបៀបរបបធ្វើការបែបនេះ មិនមែន គ្មានបញ្ហាប្រឈមនោះឡើយ។ គេចាំបាច់ត្រូវទិញបរិក្ខារសម្រាប់ថែទាំសុខភាព និងបរិក្ខារអនាម័យមួយចំនួន ហើយការចុះបណ្ដុះបណ្ដាលនៅទីវាល និងការរៀបចំកិច្ចប្រជុំ មានការពិបាក និងត្រូវរៀបចំដោយមានការគោរពតាមគោលការណ៍ណែនាំស្ដីពីការរក្សាគម្លាតសុវត្ថិភាព ហើយការធ្វើដំណើរពីចម្ការមីនមួយទៅចម្ការមីនមួយទៀត កាន់តែមានការលំបាកជាងមុន។

ការគាំទ្រឱ្យប្រតិបត្តិករដោះមីនអាចធ្វើការផ្លាស់ប្តូរដែលចាំបាច់ទាំងនេះ និងដើម្បីឱ្យពួកគេបន្តការងារសង្គ្រោះជីវិតនេះ គឺមានសារៈសំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងនៃគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលក្រោមការគាំទ្រពីអាជ្ញាធរមីនម្ពុជា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា ក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី ទីភ្នាក់ងារកូរ៉េសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងប្រទេស   នូវែលសេឡង់។ នេះគឺជាការរាតត្បាតជាសកលលើកទី ១ ហើយដែលគម្រោងនេះជួបប្រទះ ចាប់តាំងពីពេលចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០០៦ មក។ ខណៈពេលដែលស្ថានភាពនាពេលបច្ចុប្បន្ន នាំមកនូវបញ្ហាប្រឈមថ្មីៗ វាក៏នាំមកនូវឱកាសដ៏សំខាន់សម្រាប់សកម្មភាពបោសសម្អាតមីន ដើម្បីជួយសង្គ្រោះជីវិតទូទាំងប្រទេស និងកសាងភាពធន់ ដើម្បីឱ្យកម្ពុជាអាចបោះជំហានទៅមុខ លើសពីការស្ដារឡើងវិញផងដែរ។