UNDP និងរាជរដ្ឋាភិបាលកម្ពុជាចុះកិច្ចព្រមព្រៀងរៀបចំគោលនយោបាយស្តីពីមនុស្សវ័យចាស់

31 May 2021

រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១៖ នៅថ្ងៃចន្ទនេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ជាមួយនឹ​ង យូអិនឌីភី (UNDP) ដើម្បីបង្កើនសមត្ថភាពស្ថាប័ន និងដើម្បី​អនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពីមនុស្សវ័យ​ចាស់នៅកម្ពុជា។

កិច្ចព្រមព្រៀងដែល​មានរយៈពេលពីរឆ្នាំនេះ ចែងលម្អិត​ពី​ផ្នែកសហប្រតិបត្តិការ​ជាច្រើន ​ដើម្បី​​ផ្ដល់​ការ​គាំទ្រ​ដល់​មនុស្ស​វ័យចាស់នៅកម្ពុជា។ ផ្នែកទាំងនេះរួមមាន ការ​រៀបចំផែនការសកម្មភាព​ដំណាក់កាលទី II (២០២១​-២០២៥) សម្រាប់អនុវត្តគោលនយោបាយ​ជាតិស្ដីពីមនុស្សវ័យចាស់ (២០១៧-២០៣០) និងការអនុវត្តគម្រោងសាកល្បង​ដែលត្រូវ​បាន​ជ្រើសរើស។ កិច្ចព្រមព្រៀងនេះ ក៏​មានបញ្ចូល​ការប្រមូល​ភស្តុតាង​ពីការ​សិក្សា​ស្រាវជ្រាវ​នានា និងការ​កសាងសមត្ថភាព​ដល់​មន្ត្រីសមភាគីជាតិ អំពីផល​ជះ​មកលើ​សង្គមសេដ្ឋកិច្ច ដែលកើតចេញពីការ​ពង្រីក​​ការអនុវត្តវិធានការគាំពារ​សង្គមនានា។ លើសពីនេះ ក៏នឹងមានការ​ពិនិត្យ​លើលទ្ធភាព​ពង្រីក​សេវា​ថែទាំសុខភាព​ដោយមិនគិតថ្លៃដល់​ប្រជាពលរដ្ឋ​ដែលមាន​វ័យជរាផងដែរ។

ខណៈពេលដែល​បច្ចុប្បន្ន ​កម្ពុជា​គឺជា​ប្រទេស​ដែលមានប្រជាជនវ័យក្មេងជាងគេនៅអាស៊ីអាគ្នេយ៍ ប្រជាជន​នៅក្នុង​ប្រទេស​នេះក៏​កាន់តែ​មានវ័យចំណាស់ផងដែរ។ ក្នុងឆ្នាំ ២០១៩ ប្រជាជន ៨,៩% មានអាយុ​ ចាប់ពី ៦០ ឆ្នាំឡើងទៅ កើនឡើង​ពី​ ៥,២៥% កាលពីរទសវត្សរ៍កន្លងទៅនេះ។ គេរំពឹង​ថា តួលេខនេះនឹង​កើនឡើង​ដល់ ២១% ក្នុងឆ្នាំ ២០៥០។ និន្នាការ​ទាំងនេះ មានន័យថា នៅក្នុងរយៈពេលច្រើនទសវត្សរ៍ខាងមុខនេះ ប្រជាជនឋិត​ក្នុងវ័យកម្លាំងពលកម្ម ដែលរ៉ាប់រងបន្ទុក​ជួយឧបត្ថម្ភគាំទ្រ​ដល់​ក្រុមមនុស្សវ័យចាស់ដែលកាន់តែមានចំនួនច្រើន​នៅក្នុងប្រទេសនេះ នឹងកាន់តែ​មាន​ចំនួនតិចទៅៗ។

លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា «កម្ពុជា គឺជា​ប្រទេស​ដែលមាន​ប្រជាជន​វ័យក្មេង ប៉ុន្តែ​ស្ថានភាព​មិននៅបែបនេះ​រហូត​នោះឡើយ។ នៅពាក់កណ្ដាលទសវត្សរ៍ ២០២០ យើង​នឹង​ឈាន​ដល់​ចំនុច​របត់មួយ ដែលពេលនោះ​ចំនួនអ្នកក្នុងបន្ទុក​ដែលមាន​វ័យចាស់​ នឹងមានការកើនឡើង​ក្នុងល្បឿន​លឿនជាង​ចំនួន​មនុស្ស​ដែលឋិតនៅក្នុងវ័យកម្លាំងពលកម្ម។ ដូច្នេះ យើង​ចាំបាច់​ត្រូវ​ធ្វើសកម្មភាពពីពេល​នេះតទៅ ដើម្បីដាក់​ឱ្យអនុវត្តនូវ​ប្រព័ន្ធសោធននិវត្តន៍សម្រាប់មនុស្ស​វ័យចាស់ ​ និង​ប្រព័ន្ធគាំពារ​សង្គម​ដែលផ្ដល់​ឱ្យ​ប្រជាជន​ដែលមានវ័យចាស់​ នូវការឧបត្ថម្ភគាំទ្រ ក៏ដូចជាសេចក្ដី​ថ្លៃ​ថ្នូរ ​ដែលពួកគេ​សមនឹង​ទទួល​បាន។»

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវ​នីតិសម្បទា មានប្រសាសន៍ថា «ការគោរព និងការយក​ចិត្តទុក​ដាក់ចំពោះមនុស្សវ័យចាស់​ គឺជា​អ្វីដែលមានសារៈសំខាន់​សម្រាប់វប្បធម៌ខ្មែរ។ ក្នុងស្មារតីនេះ ការ​ធានា​ឱ្យ​មនុស្ស​ចាស់រស់នៅប្រកបដោយគុណភាពកម្រិតខ្ពស់ តែងតែជា​អាទិភាព​ជា​យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ផ្អែកតាមគោលនយោបាយ​ជាតិស្ដីពីមនុស្សវ័យចាស់ រាជរដ្ឋាភិបាលនឹងសហការ​ជាមួយ UNDP ក៏ដូចជា ដៃគូដទៃទៀត ដើម្បី​លើកកម្ពស់​សុខុមាលភាព​មនុស្ស​វ័យចាស់នៅកម្ពុជា និងកសាងនូវ​ប្រព័ន្ធគាំពារ​សង្គមដែលកាន់តែរស់រវើកមួយ សម្រាប់គាំទ្រ​ដល់​ប្រជាជនគ្រប់រូប ​ពេញមួយវដ្តជីវិតរបស់ពួកគេ។»

បន្ទាប់ពីការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នឹងមានការ​រៀបចំ​កិច្ចពិគ្រោះយោបល់កម្រិតបច្ចេកទេសជាមួយនឹង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​គោលនយោបាយជាតិស្តីពី​មនុស្សវ័យ​ចាស់​នៅកម្ពុជា ក្នុង​វិស័យ​​សហប្រតិបត្តិការ ដែលបានឯកភាពគ្នាទាំងនេះ។