UNDP សម្ពោធរបាយការណ៍ស្ដីពីគម្លាតប្រាក់ឈ្នួលរវាងស្ត្រី និងបុរសនៅកម្ពុជា

11 March 2021

រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១៖ ថ្ងៃនេះ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានសម្ពោធផ្សព្វផ្សាយរបាយការណ៍ថ្មីមួយស្ដីពី គម្លាតប្រាក់ឈ្នួល ដែលនៅបន្តកើតមានរវាងស្រ្តី និងបុរសនៅកម្ពុជា។ របាយការណ៍នេះបង្ហាញពីនិន្នាការដែលកំពុងបន្តវិវឌ្ឍ និងកត្តាដែលមាន​ឥទ្ធិពលលើគម្លាតប្រាក់ឈ្នួល។

ដើម្បីវិភាគលើគម្លាតនេះ របាយការណ៍នេះប្រើ​ប្រាស់ទិន្នន័យដែលបានពីការអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា (CSES) ឆ្នាំ២០១៤ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ និងប្រើប្រាស់វិធីសាស្រ្តវិភាគ Oaxaca-Blinder។ ផ្អែកតាមការអង្កេត CSES ឆ្នាំ២០១៩ និងការកែតម្រូវស្ថិតិ ឲ្យស្របតាមភាពលម្អៀងក្នុងការជ្រើសរើស ប្រាក់ឈ្នួលរវាងស្រ្តី និងបុរសមានគម្លាត ១៩%។

របាយការណ៍នេះបង្ហាញពីកត្តាជាច្រើនដែលរួមចំណែកនាំឲ្យមានគម្លាតបែបនេះ។ វិធីសាស្រ្តវិភាគ Oaxaca-Blinder បង្ហាញថា​ គម្លាតនៃការអប់រំរវាងស្ត្រី និងបុរសរួមចំណែក ៦% នៃគម្លាតប្រាក់ឈ្នួលនេះ រីឯគម្លាតនៃបទពិសោធន៍វិញ រួមចំណែក ១៤%។ ការដែលមានចំនួនស្រ្តីច្រើនលើសលុបធ្វើការងារដែលមានជំនាញទាប រួមចំណែកថែម ៤% ទៀត។

យ៉ាងណាក្តី លក្ខណៈដែលមិនអាចអង្កេតវាស់វែងបានរួមចំណែកធ្វើឲ្យមានគម្លាតប្រាក់ឈ្នួល ១០៥%។ លក្ខណៈទាំងនោះជាធម្មតា ត្រូវបានគេបកស្រាយថាជាភស្តុតាងបង្ហាញពីការរើសអើងក្នុងទីផ្សារការងារ ប៉ុន្តែក៏អាចកើតឡើងដោយសារកត្តាផ្សេងទៀត ដូចជាជំនាញទន់ ឬគុណភាពនៃការអប់រំជាដើម ដែលពុំត្រូវបានបញ្ចូលទៅក្នុងការអង្កេតនេះ។

ដោយឡែកសម្រាប់លក្ខណៈប្រជាសាស្រ្តវិញ ស្ថានភាពអាពាហ៍ពិពាហ៍ត្រូវបានរកឃើញថាជាកត្តាសំខាន់បំផុត ដែលកំណត់ពីការងារទទួលបានប្រាក់កម្រៃរបស់ស្រ្តី ដែលវាធ្វើឲ្យលទ្ធភាពទទួលបានការងារធ្វើសម្រាប់ស្រ្តីដែលរៀបការហើយថយចុះ ៣៨%។ ដោយឡែក ការកើនឡើងនូវទំហំគ្រួសារ និងកម្រិតនៃការអប់រំរបស់មេគ្រួសារ បង្កើនលទ្ធភាពរបស់ស្រ្តីក្នុងការក្លាយជាអ្នកធ្វើការដែលទទួលបានប្រាក់កម្រៃ។

លោក Nick Beresford តំណាង UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា «ក្នុងព្រះរាជាណាចក្រកម្ពុជា ស្ត្រី ជាមធ្យម ទទួលបានប្រាក់ឈ្នួលតិចជាងបុរសចំនួន ១៩% សម្រាប់ការងារដូចគ្នា។ បញ្ហានេះ ពាក់ព័ន្ធនឹងសិទ្ធិរបស់ស្ត្រីក្នុងការទទួលបានភាពស្មើរគ្នា ប៉ុន្តែវាក៏ពាក់ព័ន្ធនឹងឱកាសក្នុងការបង្កើតនូវទីផ្សារការងារដែលកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ ប្រសិនបើយើងអាចធ្វើបាន យើងនឹងអាចបង្កើនភាពរុងរឿងសម្រាប់គ្រប់គ្នា ទាំងស្ត្រី និងបុរស ទាំងកុមារី និងកុមារា។ »

UNDP បន្តគាំទ្រដល់ការលើកកម្ពស់ស្រ្តីនៅកម្ពុជា ដូចជាតាមរយៈការគាំទ្រដល់ក្រសួងកិច្ចការនារី ក្នុងការពិនិត្យ និងរៀបចំផែនការយុទ្ធសាស្រ្តនារីរតនៈ និងគោលនយោបាយយេនឌ័ររបស់កម្ពុជា       ជាដើម។  កម្មវិធីជាច្រើនរបស់ UNDP ក៏ផ្ដោតការយកចិត្តទុកដាក់លើការពង្រីកការចូលរួមរបស់ស្រ្តី ក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច និងនយោបាយផងដែរ។ កម្មវិធីទាំងនេះ រួមមាន ការបង្កើនសមត្ថភាពរបស់សហគ្រិនជាស្រ្តី តាមរយៈការអនុវត្តកម្មវិធីបណ្ដុះគំនិតធុរកិច្ច កម្មវិធីពន្លឿនគំនិតធុរកិច្ច និងការធ្វើឌីជីថលភាវូបនីយកម្មធុរកិច្ចរបស់ពួកគេ និងការលើកទឹកចិត្តឲ្យស្រ្តីចូលរួម និងបំពេញតួនាទីជាអ្នកដឹកនាំក្នុងការងារការពារព្រៃឈើ ការគាំទ្រដល់ស្ថាប័នពាក់ព័ន្ធក្នុងវិស័យបោសសម្អាតមីនក្នុងការជំរុញឲ្យស្រ្តីចូលរួមបន្ថែមទៀតក្នុងប្រតិបត្តិការបោសសម្អាតមីន និងការធ្វើការងារជាមួយនឹងកសិករជាស្រ្តី ដើម្បីបង្កើនបច្ចេកទេសធ្វើកសិកម្មឆ្លាតវៃខាងអាកាសធាតុ។

សេចក្តីប្រកាសព័ត៌មាន Press Release (English) https://www.kh.undp.org/content/cambodia/en/home/presscenter/pressreleases/2021/undp-launches-report-on-cambodias-gender-wage-gap.html