KOICA ផ្ដល់ថវិកា ១០ លានដុល្លារអាមេរិក ដើម្បីពង្រីកកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន និងផ្ដល់ជំនួយដល់ជនរងគ្រោះនៅកម្ពុជាក្នុងឆ្នាំ ២០២១ និងឆ្នាំបន្តបន្ទាប់ទៀត

15 March 2021

រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១៖ ទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ផ្តល់ហិរញ្ញប្បទានរួមគ្នា ​​ជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងលើកំណត់ត្រា​នៃកិច្ច​ពិភាក្សា​ជាមួយនឹង​អាជ្ញាធរ​កម្ពុជាគ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និងសង្គ្រោះជនពិការ​ដោយសា​រមីន (អាជ្ញាធរមីន) សម្រាប់អនុវត្តគម្រោង បោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី ៤៖ សកម្មភាព​បោសសម្អាតមីន​ដើម្បីការអភិវឌ្ឍមនុស្ស (CfRIV)។

គម្រោង CfRIV រយៈពេល ៦ ឆ្នាំ អនុវត្ត​ដោយ​អាជ្ញាធរមីន ជាមួយនឹង​ការគាំទ្រ​ផ្នែកយុទ្ធសាស្ត្រ និងបច្ចេកទេសពី UNDP នេះផ្ដោតលើការបោសសម្អាតគ្រាប់មីន និង​សំណល់ជាតិផ្ទុះពីសង្គ្រាម បង្កើន​ការផ្ដល់ជំនួយ​ដល់ជនរងគ្រោះ និងការ​អប់រំគ្រោះថ្នាក់អំពីមីន ការពិនិត្យតាមដាននិងវាយតម្លៃ និងការ​បញ្ជ្រាប​យេនឌ័រ​ក្នុងវិស័យ​សកម្មភាព​​មីន។

រដ្ឋាភិបាលនៃសាធារណរដ្ឋ​កូរ៉េ តាមរយៈ KOICA បាន​​ផ្ដល់ថិវកា​ ១០ លានដុល្លារអាមេរិក ​ដល់​វិស័យ​សកម្មភាពមីននៅកម្ពុជា តាមរយៈគម្រោង CfRIV នេះគិតចាប់​ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។ គម្រោងនេះក៏ទទួលបាន​ថវិកា​គាំទ្រ​ពី​ប្រទេស​អូស្ត្រា​លី នូវែលសេឡង់ UNDP និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

វត្តមាននៃគ្រាន់មីន និង​សំណល់ជាតិផ្ទុះពីសង្គ្រាម បន្ត​នាំឱ្យមានការ​បាត់បង់អាយុជីវិត ការរងរបួស និង​ធ្វើឱ្យ​ប្រជាពលរដ្ឋជាច្រើននាក់ ​ក្លាយជា​ជនមានពិការភាព ​នៅ​តាមតំបន់ជនបទនៅកម្ពុជា និង​បាន​បង្កជា​ឧបសគ្គដ៏ធំមួយ​ដល់ការពង្រីក​ការងា​រអភិវឌ្ឍន៍ផ្នែកកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដោយយល់ច្បាស់ពីសារៈសំខាន់នៃផ្ទៃដីដែលមានសុវត្ថិភាពសម្រាប់ការអភិវឌ្ឍ កម្ពុជា​បាន​អនុម័ត​គោលដៅ​អភិវឌ្ឍន៍ដោយចីរភាព​ទី ១៨ បន្ថែមមួយទៀត នោះគឺគោលដៅបញ្ចប់​ផលប៉ះពាល់អវិជ្ជមាន បង្កឡើងដោយសារ​មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្កើនការផ្ដល់ជំនួយដល់ជនរងគ្រោះ។

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១​​អាជ្ញាធរមីន មានប្រសាសន៍ថា «វត្តមាន​នៃគ្រាប់មីន និង​សំណល់ជាតិផ្ទុះពីសង្គ្រាម បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ គ្រាប់មីន និង​សំណល់ជាតិផ្ទុះពីសង្គ្រាមទាំងនោះ បង្ក​ទុក្ខលំបាកដល់​សហគមន៍ដែល​រងផលប៉ះពាល់​ និង​កាន់តែធ្វើឱ្យមានជនរងគ្រោះ​ និង​អ្នកដែល​​រស់រានជីវិតពីគ្រោះថ្នាក់ដោយសារ​មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងការជួបប្រទះនឹង​បញ្ហាអសន្តិសុខស្បៀង ការខ្វះទឹកស្អាត ពុំមានលំនៅដ្ឋានសមរម្យ ព្រមទាំងពុំមានដី​សុវត្ថិភាពសម្រាប់ដាំដុះ និងកសាងប្រព័ន្ធធារាសាស្ត្រ ការកសាងផ្លូវថ្នល់ ការ​ប្រកបរបរទទួលទាន និង​ការ​កសាង​មជ្ឈមណ្ឌលសហគមន៍នានា ដូចជា ទីផ្សារ សាលារៀន មណ្ឌលសុខភាព ជាដើម។ ជំនួយដែលផ្ដល់ដោយសាធារណរដ្ឋកូរ៉េ តាមរយៈ KOICA នេះ នឹងបំពេញបន្ថែមលើកិច្ចខិតខំប្រឹង​ប្រែង​ឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ​ក្នុងការ​ឆ្លើយតប​ចំពោះ​ផលប៉ះពាល់អវិជ្ជមានទាំងនេះ។ តាង​នាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់​សាធារណរដ្ឋកូរ៉េ និង​ប្រជាពលរដ្ឋកូរ៉េ ដែល​បាន​ផ្ដល់​នូវ​ជំនួយ​ក្នុងកាយវិការដ៏ថ្លៃថ្លានេះ។ ខ្ញុំសូមថ្លែង​អំណរគុណយ៉ាង​ជ្រាលជ្រៅផងដែរចំពោះដៃគូអភិវឌ្ឍន៍ដទៃទៀត ដូចជា ជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី សហភាពអឺរ៉ុប អាល្លឺម៉ង់ ន័រវ៉េ កាណាដា បារាំង ប៊ែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ នូវែលសេឡង់ ស្វីស ស៊ុយអ៊ែត ចិន និង​អង្គការសហប្រជាជាតិ ដែលផ្ដល់ការគាំទ្រ​ដល់​វិស័យសកម្មភាព​បោសសម្អាតមីន​ចាប់តាំង​ពីឆ្នាំ ១៩៩២ មក។»

UNDP គឺជាដៃគូដ៏សកម្មរបស់រដ្ឋាភិបាលកម្ពុជាក្នុងវិស័យ​សកម្មភាពមីន ចាប់តាំងពីឆ្នាំ ២០០៦ មក។ តាមរយៈការគាំទ្រនេះ ផ្ទៃដី​សរុប​ចំនួន ២៥៥,៦ គីឡូម៉ែត្រការ៉េ ត្រូវ​បាន​រំដោះពីគ្រាប់មីន និង​ផ្ដល់ទៅឱ្យ​សហគមន៍ដែល​រងផលប៉ះពាល់ដើម្បីប្រើប្រាស់សម្រាប់ការងារ​ផលិតកម្មរបស់ពួកគេ។ វាបានជា​ប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ១ លាននាក់ ដែលកំពុង​រស់នៅតាមសហគមន៍ជនបទក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ច​ខិតខំប្រឹង​ប្រែង​ជា​សមូហភាព​ប្រកបដោយ​ការ​ប្ដេជ្ញាចិត្តខ្ពស់ គឺជាអ្វីដែលចាំបាច់ត្រូវមាន ដើម្បីជំរុញឱ្យវឌ្ឍនភាព​នេះ​បន្ត​ដំណើរទៅមុខទៀត និងឈានទៅសម្រេច​ចំណុច​ដៅរបស់កម្ពុជានោះគឺ «កម្ពុជា​គ្មាន​គ្រាប់មីន» ត្រឹមឆ្នាំ ២០២៥។

ជាមួយការគាំទ្រ​ពី KOICA គម្រោង CfRIV នឹង​បង្កើន​សកម្មភាព​បន្ថែមទៀត​ ដូចជា ការបោសសម្អាតមីន ការអប់រំអំពីគ្រោះថ្នាក់នៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងការផ្ដល់ជំនួយ​ដល់​ជនរងគ្រោះ ក្នុងខេត្ត​បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ក្នុងឆ្នាំ ២០២១ និងឆ្នាំបន្តបន្ទាប់ទៀត។ នេះរួមមានការរៀបចំសកម្មភាព​បែបទំនើប ដែលឆ្លើយតប​ចំពោះតម្រូវការ​ និងអាចធានាបាននូវនិរន្តរភាព​ ដើម្បីផ្ដល់ជំនួយដល់ជនរងគ្រោះនៅក្នុង​តំបន់ដែល​មានតម្រូវការ​ចាំបាច់ជាងគេ​នៅកម្ពុជា តាមរយៈការឆ្លើយតប​ជាលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងសសរស្ដម្ភ ចំនួន៤៖ ការឆ្លើយតបនិងការ​ផ្ដល់ការព្យាបាល​បន្ទាន់ ការស្ដារលទ្ធភាពពលកម្មកាយ​សម្បទា និងការព្យាបាល បរិយាបន្នសង្គម សេដ្ឋកិច្ច និងការអប់រំអំពីគ្រោះថ្នាក់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម ។   ​

លោក Nick Beresford តំណាង​ UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា «សាធារណរដ្ឋកូរ៉េ គឺជា​អ្នកផ្ដល់ជំនួយ​ជាយូរមកហើយដល់រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋកម្ពុជា។ ថ្ងៃនេះ យើង​បានមើលឃើញនូវការ​បន្ត​ការ​គាំទ្រ​នេះ តាមរយៈការ​សន្យាផ្ដល់ថវិកា​ចំនួន ១០ លានដុល្លារអាមេរិក សម្រាប់​សកម្មភាព​បោសសម្អាតគ្រាប់មីន និង​សំណល់ជាតិផ្ទុះពីសង្គ្រាម។ ការ​ចូលរួមបដិភាគ​ថ្មី​បន្ថែមទៀតរបស់សាធារណរដ្ឋកូរ៉េ ដល់កម្មវិធីបោសសម្អាតមីនដើម្បីលទ្ធផល តាមរយៈកិច្ច​សហការ​ក្នុងភាពជាដៃគូជាមួយ UNDP គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍ភូមិសន្តិភាពមេគង្គ ដែល​ជួយ​កម្ពុជាក្នុង​ការ​បោសសម្អាតមីន ការផ្ដល់​ជំនួយដល់ជនរងគ្រោះ និងការអប់រំគ្រោះថ្នាក់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម ។ សកម្មភាពទាំងនេះជួយសង្គ្រោះជីវិត​ ការពារសហគមន៍ និងគាំទ្រ​ដល់​ការ​លើកកម្ពស់វិបុលភាព​សម្រាប់សហគមន៍កសិករនៅជនបទ។»

លោក Rho Hyunjun នាយក KOICA ប្រចាំកម្ពុជា មានប្រសាសន៍ថា «នេះគឺជា​ឆ្នាំមួយប្រកបដោយ​អត្ថន័យថ្លៃថ្លាបំផុត​ ដែល​សាធារណរដ្ឋកូរ៉េ ក្លាយជាអ្នកផ្ដល់ជំនួយថ្មីនៅក្នុង​វិស័យ​សកម្មភាព​​​បោសសម្អាតមីននៅកម្ពុជា។ ថវិកា​ដែលបានពី KOICA និងអ្នកផ្ដល់ជំនួយដទៃទៀតនឹងជួយពង្រីកផ្ទៃដី​ដែល​បានបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ធ្វើឱ្យជីវិត​រស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានសុវត្ថិភាព និងផ្ដល់ដីសម្រាប់ប្រើប្រាស់​ជាប្រយោជន៍​ដល់ការ​ស្ដារ​សេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញពីជំងឺកូវីដ-១៩។»

តាមរយៈគម្រោង CfRIV UNDP និងដៃគូ​គម្រោងនានា​ នៅតែបន្ត​ប្ដេជ្ញាជួយដល់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការ​សម្រេចគោលដៅ  ធ្វើឱ្យកម្ពុជា​ក្លាយជាប្រទេស​គ្មានមីនត្រឹមឆ្នាំ  ២០២៥  ដើម្បីឱ្យប្រជាពលរដ្ឋ​  និងសហគមន៍អាចរស់នៅក្នុងបរិយាកាស​ប្រកបដោយសុវត្ថិភាព ដែលនឹងជួយគាំទ្រ​ដល់ការ​សម្រេច​បាននូវ​សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយពុំមាននរណាម្នាក់ត្រូវ​បានទុកចោល មានការគោរព​សិទ្ធិមនុស្ស និងមានការឆ្លើយតបចំពោះ​តម្រូវការជនរងគ្រោះ និងធ្វើឱ្យ​ជនរងគ្រោះក្លាយជា​សមាជិក​ស្មើមុខ​ស្មើមាត់ជាមួយនឹង​ប្រជាពល​រដ្ឋដទៃទៀត​នៅក្នុងសង្គម។

ចប់!

សេចក្តីប្រកាសព័ត៌មាន Press Release (English) http://bit.ly/2Q50OHG

គម្រោង: https://www.kh.undp.org/content/cambodia/en/home/projects/clearing-for-result-phase-iv-mine-action-for-human-development.html