គម្រោងគាំទ្រការគ្រប់គ្រងសំណល់វេជ្ជសាស្រ្តក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ចាប់ផ្ដើមអនុវត្តជាមួយនឹងជំនួយពីប្រទេសចិន

7 June 2021

រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១៖ ជាមួយនឹងការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសពីប្រទេសចិន តាមរយៈមូលនិធិជំនួយសហប្រតិបត្តិការសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ កម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) តាមរយៈការសហការជាមួយនឹងក្រសួងសុខាភិបាល បានចាប់ផ្ដើមអនុវត្តគម្រោងថ្មីមួយ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងសំណល់វេជ្ជសាស្រ្តឱ្យមានប្រសិទ្ធភាពក្នុងអំឡុងពេលនៃការរាត​ត្បាតជាសកលនៃជំងឺកូវីដ-១៩។

ខណៈពេលដែលកម្ពុជា កំពុងប្រឈមនឹងការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ក្នុងទ្រង់ ទ្រាយធំមិនធ្លាប់មាន ការធ្វើប្រព្រឹត្តិកម្មឱ្យបានត្រឹមត្រូវ និងប្រកបដោយសុវត្ថិភាព​នូវសំណល់វេជ្ជសាស្រ្តដែលអាចបង្កការឆ្លងរោគ គឺជាបញ្ហាប្រឈម។ បច្ចុប្បន្ននេះ កម្ពុជាមានឧបករណ៍ការពារខ្លួន និងបរិក្ខារផ្សេងៗក្នុងការគ្រប់គ្រងសំណល់រឹង និងរាវ ក៏ដូចជាជំនាញ និងបទពិសោធន៍ដែលចាំបាច់សម្រាប់គ្រប់គ្រងសំណល់ដែលអាច​បង្កការឆ្លងរោគនៅមានកម្រិតនៅឡើយ។

ជាការឆ្លើយតបចំពោះតម្រូវការទាំងនេះ មូលនិធិជំនួយសហប្រតិបត្តិការសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍​ បានផ្តល់ថវិកាគាំទ្រដល់គម្រោង ដែលមានឈ្មោះថា ការរៀនសូត្រពីបទពិសោធន៍របស់ប្រទេសចិន ដើម្បីបង្កើនសមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ-១៩នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ផ្ដោតលើការគ្រប់គ្រងសំណល់វេជ្ជសាស្រ្ត នឹងផ្តល់ការគាំទ្រដល់មូលដ្ឋានសុខាភិបាលចំនួន ៣ ដែលត្រូវបានជ្រើសរើសពីដំបូងសម្រាប់ផ្ដល់សេវាព្យាបាលជំងឺកូវីដ-១៩ នៅទីក្រុងភ្នំពេញ ក្នុងគោលបំណងផ្ដល់ឱ្យមូលដ្ឋានសុខាភិបាលទាំងនេះនូវបរិក្ខារវេជ្ជសាស្រ្ត ក៏ដូចជាកសាងសមត្ថភាពបុគ្គលិកសុខាភិបាល ​និងអ្នកផ្ដល់សេវា អំពីការធ្វើប្រព្រឹត្តិកម្មសំណល់រឹង និងរាវ។

UNDP នឹងសហការយ៉ាងជិតស្និទ្ធជាមួយនឹងមូលដ្ឋានសុខាភិបាលទាំង ៣ គឺមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ និងមន្ទីរពេទ្យកុមារជាតិ ដោយសហការជាមួយនឹងក្រសួងសុខាភិបាល អង្គការ    សុខភាពពិភពលោក និងអ្នកជំនាញខាងគ្រប់គ្រងសំណល់វេជ្ជសាស្រ្តពីប្រទេសចិន។ គម្រោងនេះនឹងបន្តជំរុញឱ្យមានការសហការពីសហគមន៍ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុង ដើម្បីធានាឱ្យមានការគ្រប់គ្រងសំណល់ដែលអាចបង្កការឆ្លងរោគឱ្យបានត្រឹមត្រូវ សំដៅបង្ការ និងកាត់បន្ថយគ្រោះថ្នាក់មកលើសុខភាពសាធារណៈ និងបរិស្ថានឱ្យនៅតិចបំផុត។

«ថ្ងៃនេះជាមោទនភាពថ្មីមួយទៀត តាមរយៈកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា         រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់នូវឧបករណ៍បរិក្ខារវេជ្ជសាស្រ្តសម្រាប់ការគ្រប់គ្រងសំណល់វេជ្ជសាស្រ្ត ចំនួន១២មុខ ដើម្បពង្រឹងសមត្ថភាពការគ្រប់គ្រងសំណល់វេជ្ជសាស្រ្ត។ ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង និងការប្រគល់នូវឧបករណ៍បរិក្ខារវេជ្ជសាស្រ្តនាពេលនេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានឆាប់រហ័ស។» ជាប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ឯកឧត្ដម វ៉ាង វិនជៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា «គម្រោងនេះ គឺជាសក្ខីភាព បង្ហាញពីការរួមវិភាគទានរបស់ប្រទេសចិន ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ក្នុងអំឡុងពេលដែលមានការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ UNDP និងក្រសួងសុខាភិបាលកម្ពុជា យើងកំពុងធ្វើការរួមគ្នា ដើម្បីជួយសម្រាលការខ្វះខាតបរិក្ខារគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ សំដៅលើកកម្ពស់ការអភិវឌ្ឍវិស័យគ្រប់គ្រងសំណល់ប្រកបដោយចីរភាព ក្រោយវិបត្តិកូវីដ-១៩។»

ឯកឧត្ដម វ៉ាង វិនជៀន មានប្រសាសន៍បន្ថែមទៀតថា «អនុវត្តក្រោមក្របខ័ណ្ឌសហប្រតិបត្តិការត្បូង-ត្បូង គម្រោងនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការពួតដៃជាមួយនឹងកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ រហូតដល់យើងទទួលបានជ័យជម្នះ ហើយក៏ជាការបញ្ជូនសញ្ញាយ៉ាងជាក់ច្បាស់ទៅកាន់ប្រទេសនៅអាស៊ីចំនួនបួនទៀត ក៏ដូចជាដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិថា ការរួបរួមគ្នា និងកិច្ចសហប្រតិបត្តិការ គឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុតរបស់សហគមន៍អន្តរជាតិដើម្បីយកឈ្នះការរាតត្បាតជាសកលនេះ។ ជាមួយនឹងចក្ខុវិស័យសហគមន៍ដើម្បីអនាគតរួមរបស់មនុស្សជាតិ យើងនឹងបន្តចែករំលែកបទពិសោធរបស់យើង ក្នុងការគ្រប់គ្រងស្ថានការណ៍នៃការរាតត្បាតជាសកល និងការផ្តល់សេវាព្យាបាលក៏ដូចជាធ្វើការងារជាមួយនឹងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីបន្តរក្សាសន្តិសុខផ្នែកសុខភាពសាធារណៈនៅក្នុងតំបន់និងសកលលោកទាំងមូល។»

លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា «គម្រោងនេះ ចាប់ផ្តើមអនុវត្ត ចំពេលដ៏សំខាន់សម្រាប់កម្ពុជា។ ការធានាឱ្យតំបន់ប្រជុំជនរបស់ប្រទេសនេះអាច​ធ្វើប្រព្រឹត្តិកម្មសំណល់វេជ្ជសាស្ត្រប្រកបដោយសុវត្ថិភាព​ និងប្រសិទ្ធភាពក្នុងអំឡុងពេលដែលមានការរាត​ត្បាតជាសកល គឺជាផ្នែកមួយដ៏សំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ក៏ដូចជាផលប៉ះពាល់ដែលបង្កដោយវីរុសនេះទៅលើប្រទេសទាំងមូល និងប្រជាពលរដ្ឋនៅក្នុងប្រទេសនេះ។»

គម្រោងនេះ គឺជាផ្នែកមួយនៃគម្រោងថ្នាក់តំបន់សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ តាមរយៈមូលនិធិជំនួយសហប្រតិបត្តិការសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ SSCAF ដែលអនុវត្តនៅក្នុងប្រទេសចំនួន ៥ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

-ចប់-