វិបត្តិជំងឺកូវីដ-១៩ និងកិច្ចគាំពារសង្គមនៅកម្ពុជា៖ ការឆ្លើយតប និងបទពិសោធន៍

2 June 2021

រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២១៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំកិច្ចពិភាក្សាថ្នាក់តំបន់តាមប្រព័ន្ធអនឡាញមួយ ដើម្បីពិភាក្សាពីបទពិសោធន៍សំខាន់ៗ ដែលទទួលបានពីការអនុវត្តវិធានការគាំពារសង្គម ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីផ្តល់ការឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រ និងស្តារសេដ្ឋកិច្ចឡើងវិញ។

ចាប់តាំងពីខែ កក្កដា ឆ្នាំ ២០២០ មក រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការចំនួន ៧ ជុំ នៃកម្មវិធីឧបត្តម្ភសាច់ប្រាក់ ដើម្បីសម្រាលផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារការរាតត្បាតជា​សកលនៃជំងឺកូវីដ-១៩។ ក្នុងចំណោមវិធានការទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះជាងគេបំផុតប្រមាណ ៧០០ ០០០ គ្រួសារ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយសារការរាតត្បាតជាសកលនេះ។

ឯកឧត្ដម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា «នេះជាលើកទី ១ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានការអនុវត្តកិច្ចគាំពារសង្គមក្នុងវិសាលភាពកម្រិតនេះ។ កិច្ចគាំពារសង្គមនេះ ឈរលើគោលការណ៍សមធម៌ សមភាព និងប្រសិទ្ធផល។ តាមរយៈកិច្ចសហការក្នុងភាពជាដៃគូជាមួយនឹងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ថវិកាបម្រុងរបស់យើង ដើម្បីផ្តល់ជំនួយទាន់ពេលវេលាដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត ជាពិសេស ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ វិធានការគាំពារសង្គមបន្ថែមទៀត កំពុងត្រូវបានដាក់ឲ្យអនុវត្ត ដើម្បីផ្តល់ការឧបត្ថម្ភដល់គ្រួសាររងផលប៉ះពាល់ ដែលរស់នៅក្នុងតំបន់បិទខ្ទប់។»

ប្រសិនបើពុំមានអន្តរាគមន៍ក្នុងទម្រង់ជាកម្មវិធីឧបត្តម្ភសាច់ប្រាក់ទេ UNDP បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចនឹងថយចុះ -៤,១% ហើយអត្រានៃភាពក្រីក្រនឹងអាចមានការកើនឡើងយ៉ាងច្រើន ប្រហែល ២ ដង ដល់ ១៧,៦% ក្នុងឆ្នាំ ២០២០។ ប៉ុន្តែ ដោយសារតែមានការអនុវត្តវិធានការគាំពារសង្គមដែលឆ្លើយតបបានទាន់ពេលវេលា គេព្យាករថាមានផលប៉ះពាល់មិនសូវធ្ងន់ធ្ងរលើភាពក្រីក្រ ហើយកំណើនសេដ្ឋកិច្ចនឹងកើនឡើងវិញប្រមាណ ៤% ក្នុងឆ្នាំ ២០២១។

បញ្ហាប្រឈមធំៗបានលេចឡើងក្នុងកំឡុងពេលឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ ដែលចាប់ផ្តើមកាលពីចុងខែមករា។ ការបិទខ្ទប់ និងការបង្កើត «តំបន់ក្រហម» ដែលអនុវត្តឡើងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កើតបញ្ហាប្រឈមដល់ក្រុមងាយរងគ្រោះមួយចំនួន។ ជាការចាំបាច់បំផុតដែលយើងត្រូវដោះស្រាយបញ្ហាទាំងនេះជាបន្ទាន់ ហើយធានាថាការរឹតត្បឹតការធ្វើដំណើរត្រូវតែអនុវត្តដោយផ្អែកលើការការពារសិទ្ធិ និងសុខុមាលភាពនៃក្រុមងាយរងគ្រោះជាងគេ រួមជាមួយនឹងវិធានការទប់ស្កាត់នឹងការរាតត្បាតប្រកបដោយប្រសិទ្ធភាព។ UNDP និងដៃគូអភិវឌ្ឍន៍ដទៃទៀត បានកំពុងគាំទ្ររដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយ។

លោកស្រី Kanni Wignaraja នាយិកា UNDP ប្រចាំការិយាល័យតំបន់អាស៊ី និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា «កិច្ចគាំពារសង្គម ដំបូងបង្អស់គឺជាការវិនិយោគលើប្រជាពលរដ្ឋ។ ខណៈពេលដែលយើងទាំងអស់គ្នាកំពុងប្រឈមនឹងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីៗ យើងចាំបាច់ត្រូវរិះរកវិធីថ្មីៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដដាលនេះផង និងការពារក្រុមដែលងាយរងគ្រោះជាងគេផង។ កិច្ចគាំពារសង្គម មានសារសំខាន់ក្នុងការធានាឲ្យបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះជាងគេ ក៏ដូចជាជួយគាំទ្រដល់កម្ពុជាក្នុងការផ្លាស់ប្តូរមកក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។»

UNDP បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងដំណើរនេះ តាមរយៈការសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដៃគូអភិវឌ្ឍន៍ដទៃទៀត ក្នុងការកសាងប្រព័ន្ធគាំពារសង្គមឲ្យកាន់តែរឹងមាំសម្រាប់កម្ពុជា ដើម្បីឲ្យប្រទេសកាន់តែធន់ទៅនឹងវិបត្តិនានា ដូចជាវិបត្តិកូវីដ-១៩នេះជាដើម។ ជាមួយនឹងការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអូស្ត្រាលី UNDP បានផ្តល់ជូនក្រសួងផែនការ នូវឧបករណ៍ថាប្លេតប្រមាណ ១ ៧០០ គ្រឿង សុសវែរ (software) និងការបណ្ដុះបណ្ដាលដល់មន្ត្រីដែលត្រូវចុះប្រមូលទិន្នន័យនៅតាមមូលដ្ឋាន ដើម្បីឲ្យពួកគេអាចចុះឈ្មោះពលរដ្ឋដែលទើបតែធ្លាក់ចូលទៅក្នុងភាពក្រីក្រដោយសារឱនភាពសេដ្ឋកិច្ច បានយ៉ាងលឿន។

«ចប់»

Press Release (English): https://www.kh.undp.org/content/cambodia/en/home/presscenter/pressreleases/2021/cambodia-covid-19-and-social-protection--responses-and-lessons-l.html

Landing Page: https://undpcambodia.exposure.co/cambodias-covid-19-responses-and-lessons-learned

កិច្ចគាំពារសង្គម ក្នុងកំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩

កិច្ចពិភាក្សាអំពី «វិបត្តិជំងឺកូវីដ-១៩ និងកិច្ចគាំពារសង្គមនៅកម្ពុជា៖ ការឆ្លើយតប និងបទពិសោធន៍»