សង្ខេបគោលនយោបាយថ្មីស្តីអំពី ការវាយតម្លៃលើផលប៉ះពាល់សង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២១ នៅកម្ពុជា

29 September 2021

រូបថតនេះត្រូវបានថតមុនការរាតត្បាតនៃជំងឺកូវីដ១៩ | ថតដោយ ILO Better Factory Cambodia.


រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១៖
សង្ខេបគោលនយោបាយស្តីពីផលប៉ះពាល់សង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២១ នៅកម្ពុជា ត្រូវបានប្រកាសផ្សព្វ​ផ្សាយនៅថ្ងៃនេះ ដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ    (UNDP)  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​រដ្ឋាភិបាលអូស្ត្រាលី។ ឯកសារសង្ខេបនេះត្រូវបានរៀបចំឡើងផ្អែកតាមការវិភាគ ដោយប្រើប្រាស់ក្របខណ្ឌ​ម៉ូឌែលចម្រុះមួយ ដែលត្រូវបានប្រើប្រាស់សម្រាប់ការវាយតម្លៃក្នុងឆ្នាំ ២០២០ កន្លងមក។ នៅក្នុងក្របខណ្ឌនេះ រួមមាន ម៉ូឌែលសមតាទូទៅដែលអាចគណនាបាន (computable general equilibrium - CGE) ដោយប្រើប្រាស់ទិន្នន័យសេដ្ឋកិច្ចជាក់ស្តែង ដើម្បីធ្វើការប៉ាន់ប្រមាណពីប្រតិកម្មរបស់សេដ្ឋកិច្ច ទៅនឹងកត្តាខាងក្រៅ និងមានការបំពេញបន្ថែមពីម៉ូឌុលការងារ និងមុខរបរ និងភាពក្រីក្រ ដែលបានពីតារាងម៉ាទ្រីសគណនេយ្យសង្គម (SAM) ដើម្បីប្រមូលទិន្ន័យនៃប្រតិបត្តិការសេដ្ឋកិច្ចពាក់ព័ន្ធ និងធ្វើការប៉ាន់ប្រមាណពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើកំណើនសេដ្ឋកិច្ច ភាពក្រីក្រ ព្រមទាំងការងារ និងមុខរបរ ស្របតាមសេណារីយ៉ូស្តារឡើងវិញចំនួន ២ គឺសេណារីយ៉ូដើមគ្រា និងសេណារីយ៉ូដែល​មានកំណើនមធ្យម។

ទាំងសេណារីយ៉ូដើមគ្រា និងសេណារីយ៉ូដែលមានកំណើនមធ្យម សុទ្ធតែត្រូវបានរៀបចំឡើងផ្អែកតាមការសន្មត ជុំវិញអំឡុងនៃការអនុវត្តវិធានការបិទខ្ទប់កាលពីខែមេសា និងឧសភា ក៏ដូចជាផ្អែកតាម​សមិទ្ធកម្មនៃវិស័យកសិកម្ម ការនាំចេញសម្លៀកបំពាក់ និងផលិតផលក្រៅពីសម្លៀកបំពាក់ វិស័យសំណង់ សណ្ឋាគារ និងភោជនីយដ្ឋាន ដឹកជញ្ជូន និងសារគមនាគមន៍។ ក្នុងសេណារីយ៉ូដែលមា​នកំណើនមធ្យម មានការរំពឹងថានឹងមានផលប៉ះពាល់បន្ថែម ដោយសារភាពអាចទៅរួចនៃការអូសបន្លាយពេលក្នុងការបើកឲ្យមានដំណើរការធម្មតាឡើងវិញនៃវិស័យទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ចពាក់ព័ន្ធ រួមទាំងការថមថយល្បឿននៃវិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់។ សេណារីយ៉ូទាំងពីរនេះក៏បានពិចារណាពីវិធានការគាំពារសង្គម និងវិធានការស្តារសេដ្ឋកិច្ចដទៃទៀត និងផ្អែកលើកត្តាយេនឌ័រផងដែរ។

ការវិភាគផ្អែកតាមសេណារីយ៉ូទាំងនេះ បង្ហាញថាកំណើនសេដ្ឋកិច្ចនឹងទំនងជាវិលត្រឡប់មករក   តួលេខវិជ្ជមានវិញនៅក្នុងឆ្នាំ ២០២១ ក្នុងចន្លោះពី ១,៧% ទៅ ២,៣% នៃកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ជាមួយនឹងការដាក់ឱ្យអនុវត្តនូវវិធានការគាំពារសង្គម និងកញ្ចប់ស្តារសេដ្ឋកិច្ច។ អត្រាអ្នកគ្មានការងារធ្វើក៏ត្រូវបានរកឃើញថាមានភាពល្អប្រសើរចន្លោះពី ២,៩% ទៅ ៣,៣% ដោយសារតែឥទ្ធិពលនៃវិធានការគាំពារសង្គម និងវិធានការស្តារសេដ្ឋកិច្ចផ្សេងទៀត ធៀបនឹងអត្រាប៉ាន់ប្រមាណ ៤,៣% ដែលត្រូវបានរាយការណ៍នៅក្នុងឆ្នាំ ២០២០។ ស្រដៀងគ្នានេះដែរ ស្ថានភាពនៃការចំណាយ និងភាពក្រីក្រក៏ល្អប្រសើរផងដែរ បើធៀបនឹងការប៉ាន់ប្រមាណកាលពីឆ្នាំ ២០២០។ ក្នុងឆ្នាំ ២០២១ វិធានការគាំពារសង្គមអាចជួយបង្កើនកម្រិតនៃការចំណាយសរុបនៅតាមគ្រួសារ ចន្លោះពី ០,៥% និង ២,៣% ដែលនាំឱ្យមានការកាត់បន្ថយភាពក្រីក្រមកនៅចន្លោះ ១១,៥% សម្រាប់សេណារីយ៉ូដែលមានកំណើនមធ្យម និង ១២,៥% សម្រាប់សេណារីយ៉ូដើមគ្រា។

លោកស្រី Alissar Chaker ដែលនឹងបំពេញតួនាទីជាតំណាងប្រចាំប្រទេសថ្មីរបស់ UNDP នៅកម្ពុជាមានប្រសាសន៍ថា «ការវិភាគនេះបង្ហាញឱ្យឃើញថា វិធានការគាំពារសង្គម និងវិធានការស្តារសេដ្ឋកិច្ចដទៃទៀត ដែលត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាវិធានការដ៏មានប្រសិទ្ធភាព ដើម្បីទប់ទល់នឹងបញ្ហាប្រឈមធំៗដែលបង្កឡើងដោយសារការរាតត្បាតជាសកលនេះ។ ការស្តារសេដ្ឋកិច្ចឡើងវិញ និងការអនុវត្តប្រព័ន្ធគាំពារសង្គម និងសុខមាលភាព ការពារប្រជាពលរដ្ឋមិនឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងកាត់បន្ថយអត្រាភាពក្រីក្រដែលត្រូវបានប៉ាន់ប្រមាណក្នុងឆ្នាំ ២០២០ (មុនពេលអនុវត្តនូវវិធានការនានា) បានចន្លោះពី ២,៩ ទៅ ២,៦ ឯកតាភាគរយ អាស្រ័យទៅតាមសេណារីយ៉ូដែលត្រូវបានយកមកធ្វើការពិចារណា។ នេះជាសមិទ្ធផលសំខាន់ៗ ដែលគួរពង្រឹង និងពង្រីកបន្ថែមក្នុងលក្ខណៈជាប្រព័ន្ធ ដើម្បីជំរុញការស្តារសង្គមសេដ្ឋកិច្ចឡើងវិញប្រកបដោយនិរន្តរភាព និងភាពធន់​ ដែលអាចមានសន្ទុះកាន់តែលឿនដោយសារការបង្កើតការងារ នវានុវត្តន៍ និងឌីជីថលូបនីយកម្ម ដើម្បីកសាងស្ថានភាពទៅមុខទៀតឱ្យកាន់តែប្រសើរ។ ការរាតត្បាតជាសកលដែលកំពុងកើតមាននាពេលបច្ចុប្បន្ន និងកន្លងមក បានលាតត្រដាងពីអភិក្រម «​​តាមទម្លាប់ធម្មតា​​»  និងរំលេចឱ្យឃើញពីសារៈសំខាន់​នៃការជំរុញការវិនិយោគ និងការផ្លាស់ប្តូរឥរិយាបថ ដែលនឹងកាត់បន្ថយលទ្ធភាពដែលបណ្តាលឲ្យ​វិបត្តិអាចកើតមានឡើង ក៏ដូចជាភាពងាយគ្រោះរបស់ព្រះរាជាណាចក្រនេះ និងប្រជាពលរដ្ឋចំពោះវិបត្តិ ដែលអាចកើតមាននាពេលអនាគត។»

ឯកឧត្តម ទេព ភិយ្យោរិន្រ្ទ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ​​      «​​​​រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវការគំាទ្រផ្នែកសារពើពន្ធជាច្រើន ដើម្បីការពារក្រុមហ៊ុនអាជីវកម្ម គ្រួសារ និងប្រជាជនងាយរងគ្រោះ។ ចាប់តាំងពីឆ្នាំ ២០២០​ មក ការវិភាគលើការបែងចែកធនធាន និងសង្គមសេដ្ឋកិច្ចរបស់ UNDP បានផ្តល់ការគំាទ្រដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំដាក់ចេញនូវកញ្ចប់ស្តារសេដ្ឋកិច្ចឡើងវិញរបស់រាជរដ្ឋាភិបាល​។ កម្ពុជាក៏មើលឃើញពីកាលានុវត្តភាពនៃការវិលទៅរកមាគ៌ាកំណើន​សេដ្ឋកិច្ចខ្ពស់សាជាថ្មីផងដែរ ដូចជា តាមរយៈការបង្កើនសមត្ថភាពប្រកួតប្រជែង និងការជម្រុញពិពិធកម្មសេដ្ឋកិច្ច ដូចដែលត្រូវបានឆ្លុះបញ្ចាំងនៅក្នុងផែនការស្តារសេដ្ឋកិច្ចឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជាសមា្រប់ឆ្នាំ ២០២១-២០២៣ ជាដើម។»

លោក Andreas Zurbrugg ឯកអគ្គរដ្ឋទូតរងនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា «​​ការឆ្លើយតបចំគោលដៅរបស់កម្ពុជាចំពោះជំងឺកូវីដ-១៩ ពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាស្ថេរភាពសង្គមសេដ្ឋកិច្ចបន្ទាប់ពីរងផលប៉ះពាល់ពីការឆ្លងរីករាលដាលជាសកលនេះ។ រដ្ឋាភិបាលអូស្ត្រាលី រីករាយបន្តផ្តល់ការគាំទ្រដល់កម្ពុជាក្នុងការបង្កើត និងអនុវត្តការឆ្លើយតបដែលប្រកបដោយបរិយាបន្ន ដែលបង្ហាញឲ្យឃើញច្បាស់ថា ការវិនិយោគក្នុងកិច្ចគាំពារសង្គមអាចពន្លឿនកំណើនសេដ្ឋកិច្ច និងការពារប្រជាជនដែលងាយរងគ្រោះបំផុតមិនឲ្យធ្លាក់ចូលក្នុងភាពក្រីក្របន្ថែមទៀត។»

បន្ថែមលើការគាំទ្រផ្នែកបច្ចេកទេស UNDP បានផ្តល់នូវកម្មវិធីបណ្តុះបណ្តាលអំពីឧបករណ៍វិភាគ ដោយប្រើម៉ូឌែលជាច្រើនដល់សេដ្ឋវិទូជំនាញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍសមត្ថភាព វិភាគទិន្នន័យ និងភស្តុតាង និងសមត្ថភាពរៀបចំគោលនយោបាយឈរលើភស្តុតាងជាដើម។

UNDP គាំទ្រដល់កិច្ចខិតខំប្រឹង​ប្រែងឆ្លើយតប និងស្តារឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជា ពីជំងឺកូវីដ-១៩ តាមរយៈការលើកកម្ពស់កំណើនប្រកបដោយនិរន្តរភាព និងបរិយាបន្ន ការពង្រឹងសមត្ថភាពឆ្លើយតបរបស់ស្ថាប័ន​ឱ្យបានរឹងមាំ កិច្ចគាំពារសង្គម និងភាពធន់ទៅនឹងហានិភ័យអាកាសធាតុ ដោយមិនទុកនរណាម្នាក់ចោល។

###

Press Release (English): https://www.kh.undp.org/content/cambodia/en/home/presscenter/pressreleases/2021/undp-launches-2021-covid-19-economic-and-social-impact-assessmen.html