គោលនយោបាយជាតិស្តីពីដំឡូងមី នឹងធ្វើឱ្យដំណាំដ៏សំខាន់មួយនេះផ្លាស់ប្ដូរមុខមាត់ថ្មី

14 January 2021

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១៖ គោលនយោបាយជាតិស្តីពីដំឡូងមី មានគោលដៅអភិវឌ្ឍផលិតកម្ម និងពង្រីកការនាំចេញផលិតផលកែច្នៃពីដំឡូងមីពីកម្ពុជា។ នៅថ្ងៃនេះ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយជាតិដ៏មានសារៈសំខាន់នេះ ដែលនឹងត្រូវអនុវត្តរហូតដល់ឆ្នាំ ២០២៥។

ការដាំដុះ ការប្រមូលផល ការកែច្នៃ និងការនាំចេញដំឡូងមី គឺជាគន្លឹះមួយ សម្រាប់បង្កើនការងារ​ និងរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ហើយវាក៏ជាប្រភពចំណូលចម្បងមួយសម្រាប់កសិករផងដែរ។ កម្ពុជា គឺជាប្រទេសដាំដំឡូងមីធំជាងគេទី ៤ នៅអាស៊ី និងធំជាងគេទី ១០ ក្នុងពិភពលោក។ គោលនយោបាយថ្មីនេះនឹងជំរុញ ក៏ដូចជាធ្វើពិពិធកម្មកំណើន និងការនាំចេញដំឡូងមី ក្នុងឆ្នាំបន្តបន្ទាប់ខាងមុខនេះ បន្ថែមនឹងការដាំដុះដំឡូងមីបានជាង ១២ លានតោន នៅឆ្នាំនេះ។

ដំឡូងមី គឺជាដំណាំដែលធន់ និងងាយបន្សាំខ្លួនជាមួយនឹងការប្រែប្រួលអាកាសធាតុ ដែលកំពុងតែកើតមានឡើង។ ទោះបីជាក្រោមសំពាធនៃការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះនូវគុណភាពជីជាតិដី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ដំណាំដំឡូងមីផ្ដល់ផលប្រសើរជាងដំណាំផ្សេងទៀត ដោយផ្ដល់នូវទិន្នផលសមរម្យ។

អ្នកវិទ្យាសាស្រ្ត កំពុងខិតខំធ្វើយ៉ាងណាឱ្យដំណាំដំឡូងមីក្លាយជាដំណាំដែលឆ្លាតវៃស្របនឹងអាកាសធាតុ ដែលអាចស្រូបយកកាបូនពីបរិយាកាសបានកាន់តែច្រើន ផ្ដល់ទិន្នផលម្សៅកាន់តែខ្ពស់ និងជួយបង្កើនគុណភាពដី។ ការសិក្សាដែលធ្វើឡើងនៅអាហ្វ្រ៊ិកនាពេលថ្មីៗនេះបង្ហាញថា ដំឡូងមីអាចជួយឱ្យដីដែលរេចរឹលអស់ជីជាតិ អាចប្រើប្រាស់ឡើងវិញបាន។ ការរកឃើញទាំងនេះ មានសក្ដានុពលជួយដោះស្រាយបញ្ហាសន្តិសុខស្បៀងនាពេលអនាគត និងបញ្ហាអភិវឌ្ឍន៍ដោយចីរភាពនៅអាស៊ី អាហ្វ្រ៊ិក និងអាមេរិកឡាទីន។

ឯកឧត្តម ប៉ាន សូរស័ក្ដិ  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា «ដំឡូងមី គឺជាដំណាំគន្លឹះសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីទាញយកប្រយោជន៍ពេញលេញនាពេលអនាគត ចាំបាច់ត្រូវកែលម្អខ្សែច្រវាក់តម្លៃ តាមរយៈការពង្រឹងសមត្ថភាព និងការចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីច្បាមយកឱកាសទីផ្សារថ្មីៗ។ គោលនយោបាយនេះនឹងធ្វើឱ្យដំឡូងមីក្លាយជាដំណាំដ៏សំខាន់នៅក្នុងការជំរុញការអភិវឌ្ឍវិស័យកសិឧស្សាហកម្មនៅកម្ពុជា និងជួយពង្រីកមូលដ្ឋានសេដ្ឋកិច្ច សំដៅចូលរួមវិភាគទានដល់ការសម្រេចគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ ២០៣០ និង ២០៥០។»

ឯមឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា «ដំឡូងមី គឺជាដំណាំឧស្សាហកម្ម ដែលមានការដាំដុះបានរហូតដល់ទៅ ១២ លានតោនក្នុងមួយឆ្នាំៗ ហើយវាមានសក្តានុពលក្នុងការធ្វើឱ្យជីវភាពរស់នៅរបស់កសិករប្រសើរឡើង និងជាដំណាំនាំចេញ។ ដោយផ្អែកលើចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពីដំឡូងមី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការរួមគ្នាជាមួយដៃគូផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យនេះ  ស្របទៅតាម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣។»

លោក Nick Beresford អ្នកតំណាងនិវេសនដ្ឋាននៃ UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា « ដំឡូងមីផ្ដល់ឱកាសល្អជាច្រើនសម្រាប់កម្ពុជា ជាពិសេសប្រសិនបើកម្ពុជាអាចឈានជើងចូលទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ តាមរយៈការនាំចេញនូវផលិតផលកែច្នៃ ដូចជាម្សៅដំឡូងមី។ វាតម្រូវឲ្យមានការធ្វើកសិកម្មតាមកិច្ចសន្យារវាងរោងចក្រកែច្នៃ និងកសិករដាំដុះដំឡូងមី ដើម្បីបង្កើតឲ្យបាននូវការផ្គត់ផ្គង់ដែលប្រកបដោយគុណភាព និងស្ថេរភាព។»

គោលនយោបាយជាតិថ្មីនេះត្រូវបានរៀបចំឡើង ដោយក្រុមការងារដំឡូងមីរបស់រដ្ឋាភិបាល និងបានទទួលការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២០។ ពិធីប្រកាសសម្ភោធដាក់ឱ្យប្រើប្រាស់គោលនយោបាយនេះ គឺជាការចាប់ផ្ដើមនៃការធ្វើដំណើរថ្មីមួយរបស់កម្ពុជានៅក្នុងការអភិវឌ្ឍវិស័យកសិពាណិជ្ជកម្ម ដើម្បីកំណើនបរិយាបន្ន ការកាត់បន្ថយភាពក្រីក្រ និងការសម្រេចគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ២០១៥-២០២៥។