ចំណូលក្នុងស្រុក គឺជាប្រភពហិរញ្ញប្បទានដ៏សំខាន់សម្រាប់ការអភិវឌ្ឍនៅកម្ពុជា នេះបើតាមការលើកឡើងនៅក្នុងរបាយការណ៍ថ្មី

16 July 2021

រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២១៖ នៅថ្ងៃនេះ យូអិនឌីភី (UNDP) បានប្រកាសផ្សព្វផ្សាយរបាយការណ៍មួយ ដែលធ្វើការប៉ាន់ប្រមាណពីធនធានហិរញ្ញប្បទានដែលមានសម្រាប់ការអភិវឌ្ឍនៅកម្ពុជា រហូតដល់ឆ្នាំ ២០២៥ ដោយមានចំណងជើងថា «ការវាយតម្លៃលើធនធានហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍនៅកម្ពុជា (DFA)»។ របាយការណ៍នេះបានធ្វើការវិភាគលើសមាសភាគ និងនិន្នាការ នៃរំហូរចូលធនធានហិរញ្ញវត្ថុទាំងអស់របស់កម្ពុជា ដែលមានប្រភពពី វិស័យសាធារណៈ វិស័យឯកជន អន្តរជាតិ និងជាតិ សម្រាប់គាំទ្រដល់ការវិនិយោគលើការងារអភិវឌ្ឍន៍នៅក្នុងប្រទេសនេះ។ ការសិក្សាថ្មីនេះ ក៏បានប៉ាន់ប្រមាណពីការខាតបង់ ដែលទំនងជាកើតមានចំពោះកម្ពុជា ដោយសារវិបត្តិកូវីដ-១៩ ផងដែរ។

របាយការណ៍នេះរកឃើញថា ចំណូលក្នុងស្រុក កាន់តែក្លាយជាប្រភពហិរញ្ញប្បទានសំខាន់បំផុតសម្រាប់ការអភិវឌ្ឍនៅកម្ពុជា ពោលគឺស្មើនឹង ១៩% នៃ ផ.ស.ស ក្នុងឆ្នាំ ២០២០ ​និងបន្តកើនឡើងរហូតដល់ ២២,៥% ត្រឹមឆ្នាំ ២០២៥។ ខណៈពេលដែលរំហូរជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នៅតែមានកម្រិតគួរកត់សម្គាល់ ស្មើនឹងប្រមាណ ៧,៩% នៃ ផ.ស.ស ផ្នែកខ្លះនៃប្រភពហិរញ្ញប្បទាននេះ បានងាកទៅរកកម្ចីវិញ ពោលគឺកម្ចីដែលពុំសូវមានលក្ខណៈសម្បទានដូចកាលពីមុន។

ជំងឺកូវីដ-១៩ នាំឱ្យមានការខាតបង់រំហូរហិរញ្ញប្បទានសរុប ប្រមាណ ៣,៦ ពាន់លានដុល្លារ ស្មើនឹង ១៩,៨% នៃរំហូរហិរញ្ញវត្ថុសរុប សម្រាប់ឆ្នាំ ២០២០។ ប្រភពហិរញ្ញប្បទានដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមាន ចំណូលនៅក្នុងស្រុក ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និងការវិនិយោគក្នុងស្រុកពីប្រភពឯកជន។

របាយការណ៍នេះ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើនវានុវត្តន៍គោលនយោបាយហិរញ្ញប្បទាន ដើម្បីបង្កើនសមត្ថភាពរបស់រដ្ឋក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងធានាឱ្យមានការបន្តរំហូរមូលធនឯកជន ក្នុងកម្រិតខ្ពស់។ ដូច្នេះ គួរមានការសិក្សាបន្ថែមពីជម្រើសផ្សេងទៀត នៃយន្តការហិរញ្ញប្បទានបៃតង ដែលអាចយកមកប្រើប្រាស់ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកប​ដោយចីរភាព (SDGs)។

លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា «នេះជាលើកទីមួយហើយ ដែលមានការបង្កើតជាម៉ូដែល ដើម្បីបង្ហាញឱ្យឃើញពីរូបភាពពេញលេញនៃរំហូរចូលហិរញ្ញវត្ថុ ដែលគេរំពឹងថានឹងទទួលបានពីគ្រប់ប្រភពទាំងអស់សម្រាប់កម្ពុជា ជាមួយនឹងភាពជាក់លាក់បែប​នេះ។ នៅពេលដែលយើងអាចសម្រួលការរឹតត្បិត ដោយសារជំងឺកូវីដ-១៩ យើងរំពឹងថារំហូរធនធានហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ នឹងមានកំណើនខ្ពស់។ ក្នុងចំណោមរំហូរទាំងនេះ ប្រភពហិរញ្ញប្បទានពីក្នុងស្រុក កាន់តែមានសារៈសំខាន់​ខ្លាំងឡើងៗ។»

លោកមានប្រសាសន៍បន្ថែមទៀតថា «ព្រះរាជាណាចក្រកម្ពុជា អាចងើបចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅចុងទសវត្សរ៍ ២០២០។ ពេលនេះហើយ ជាពេលវេលាដែលត្រូវត្រៀមប្រភពហិរញ្ញប្បទានថ្មីៗ ដូចដែលបង្ហាញយ៉ាងច្បាស់នៅក្នុងរបាយការណ៍នេះ។ ឧទាហរណ៍ ការមានលទ្ធភាពចេញសញ្ញាប័ណ្ណជាប្រាក់រៀល គឺជាជម្រើសមួយដែលកំពុងត្រូវបានយកមកធ្វើការពិចារណា ហើយក៏ជាជម្រើស​ដែលទទួលបានការគាំទ្រខ្លាំងក្លាពី UNDP ផងដែរ។»

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងផ្សព្វផ្សាយផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ ដែលនឹងប្រើប្រាស់ហិរញ្ញប្បទានពីថវិការជាតិ និងពិចារណាកៀរគរប្រភពហិរញ្ញប្បទានផ្សេងទៀតផងដែរ។ របាយការណ៍នេះផ្តល់ឲ្យយើងនូវគំនិតបន្ថែមពីជម្រើសប្រភពហិរញ្ញប្បទានដទៃទៀត។»

ឯកឧត្តម សីលវ៉ា ក៏បានស្វាគមន៍អនុសាសន៍គោលនយោបាយដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ DFA នេះផងដែរ។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា «ការផ្ដល់អនុសាសន៍គោលនយោបាយ​ឈរលើភស្តុតាងដល់រាជរដ្ឋាភិបាលកម្ពុជា គឺជាការរួមវិភាគទានបន្ថែមទៀតរបស់ UNDP។»

UNDP បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបចំពោះវិបត្តិជំងឺកូវីដ-១៩ និងការស្តារឡើងវិញពីវិបត្តិនេះ ក្នុងផ្នែកសំខាន់ៗ ដូចជា កំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព សេវាគាំពារសង្គម បញ្ហាអាកាសធាតុ និងបរិស្ថាន សមភាព យេនឌ័រ និងបរិយាប័ន្ន ដើម្បីឈានទៅសម្រេចនូវរបៀបវារៈសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០។

-ចប់-

Pree Release (English): https://www.kh.undp.org/content/cambodia/en/home/presscenter/pressreleases/2021/domestic-revenue-is-an-increasingly-important-source-of-developm.html

Full Report: https://www.kh.undp.org/content/cambodia/en/home/library/cambodia-s-development-finance-assessment-.html