ការសម្ពោធជាផ្លូវការនូវកម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិតអំពី «យុទ្ធនាការកាត់បន្ថយសំណល់ប្លាស្ទិក» ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិកនៅកម្ពុជា

13 December 2021


រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២១៖
 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) ក្រសួងបរិស្ថាន ស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានប្រកាសចាប់ផ្តើម កម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិតអំពី «យុទ្ធនាការកាត់បន្ថយសំណល់ប្លាស្ទិក» ឬហៅថា “#BEATPLASTIC CAMPAIGN”។ កម្មវិធីប្រកួតប្រជែងនេះមានគោលដៅជ្រើសរើសគំនិតច្នៃប្រឌិតថ្មីៗក្នុងការរៀបចំយុទ្ធនាការបង្កើនការយល់ដឹង ដើម្បីផ្លាស់ប្តូរឥរិយាបថ និងប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក។ ជ័យលាភីនៃការប្រកួតប្រជែងនេះសរុបចំនួន ៤ រូប ឬក្រុម ដោយបែងចែកជា ៤ ប្រភេទ នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ១៨.០០០ ដុល្លារអាមេរិក សម្រាប់ជ័យលាភីនិមួយៗ ដើម្បីរៀបចំយុទ្ធនាការកាត់បន្ថយសំណល់ប្លាស្ទិករបស់ពួកគេ។

ការរីកចម្រើននៃសេដ្ឋកិច្ច និងកំណើនប្រជាជននៅកម្ពុជាក្នុងទសវត្សរ៍ចុងក្រោយនេះ នាំឱ្យ​មាន​ការកើនឡើងយ៉ាងច្រើននូវបរិមាណសំណល់រឹង រាប់បញ្ចូលទាំងប្លាស្ទិកផងដែរ។ ការបំពុលដោយ​សារប្លាស្ទិកអាចបង្កការខូចខាតដល់បរិស្ថាន សង្គមសេដ្ឋកិច្ច  និងលើប្រព័ន្ធអេកូឡូស៊ីសមុទ្រ។

កាលពីឆ្នាំ ២០១៨ ក្រសួងបរិស្ថានបានអនុម័តជំរុញឱ្យមានការប្រើប្រាស់វិធានការ 4Rs (Refuse-បដិសេធ, Reduce-កាត់បន្ថយ, Reuse-ប្រើឡើងវិញ, និង Recycle-កែច្នៃឡើងវិញ) ជារបៀបវារៈគោលនយោបាយគន្លឹះ ដើម្បីឆ្លើយតបចំពោះការបំពុលដោយប្លាស្ទិក។ បច្ចុប្បន្ន ក្រសួងកំពុងរៀបចំវិធានការគតិយុត្តថ្មីៗបន្ថែមទៀត ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក។

ឯកឧត្ដម គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជានាយកគម្រោងជាតិនៃគម្រោង”​”ការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា” មានប្រសាសន៍ថា «ប្រសិទ្ធភាពនៃលិខិតបទដ្ឋានគតិយុត្តថ្មីៗ ដែលមានគោលបំណងកាត់បន្ថយការបំពុលពីសំណល់ប្លាស្ទិក អាស្រ័យលើការកើនឡើងនូវការយល់ដឹងរបស់តួអង្គពាក់ព័ន្ធនានា និងការចូលរួមយ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់។ ខ្ញុំសង្ឃឹមថាតាមរយៈកម្មវិធីនេះយើងអាចបង្កើតជាចលនារួមគ្នាមួយតាមគោលនយោបាយរួមរបស់ក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក និងសំណល់រឹងផ្សេងៗក្នុងគោលដៅឈានទៅកាន់ការរស់នៅប្រកបដោយផាសុកភាព សុខុមាលភាព និងបរិស្ថានស្អាត»។

ដូចគ្នានឹងប្រសាសន៍ឯកឧត្តមដែរ លោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំ​កម្ពុជាមានប្រសាសន៍ថា «ការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិកទាមទារឱ្យមានកិច្ចខិតខំប្រឹង​​ប្រែងរួមគ្នា រវាងបុគ្គល សហគ្រាស និងសាជីវកម្ម ដើម្បីងាកចេញពីការប្រើប្រាស់ប្លាស្ទិកប្រើបានតែមួយដង ហើយឆ្ពោះទៅរកដំណោះស្រាយជំនួសឱ្យប្លាស្ទិក ដែលអាចយកមកប្រើប្រាស់ឡើងវិញបាន។ កម្មវិធីប្រកួតប្រជែងនេះមានគោលបំណងរិះរកវិធីសាស្ត្រដែលមានលក្ខណៈច្នៃប្រឌិត និងប្រកបដោយប្រសិទ្ធភាព សម្រាប់រៀបចំយុទ្ធនាការបង្កើនការយល់ដឹងរបស់សាធារណជនទូទៅ និងធ្វើតេស្តសាកល្បងលើវិធីសាស្ត្រទាំងនេះ ដែលនឹងជួយពន្លឿនការផ្លាស់ប្តូរ​ឥរិយាបថ ដើម្បីឈានទៅអនុវត្តវិធានការ 4Rs ខាងលើ»។

ឯកឧត្ដម Mikami Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបន្តលើកឡើងថា «ប្រទេសជប៉ុនប្ដេជ្ញាធ្វើការរួមគ្នាជាមួយនឹងកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិកតាមរយៈគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រ»។

ឯកឧត្តម ជួប ប៉ារីស៍ មានប្រសាសន៍ថា «តាមរយៈកម្មវិធីប្រកួតប្រជែងនេះ យើងនឹងមានការខិតខំស្វែងយល់ និងរិះរកគំនិតច្នៃប្រឌិតក្នុងការប្រើប្រាស់ប្លាស្ទិកប្រកបដោយប្រសិទ្ធិភាព»។

###

Press Release (English): https://www.kh.undp.org/content/cambodia/en/home/presscenter/pressreleases/2021/launch-of-innovation-challenge-for--beatplastic-campaign-to-figh.html