របាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ ២០២០៖ ឱកាសក្នុងការពន្លឿនវឌ្ឍនភាពសម្រាប់កម្ពុជា

16 December 2020

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០៖ ខណៈពេលដែល​មនុស្ស និងភពផែនដីឈានមកដល់យុគសម័យថ្មីមួយដែលពុំធ្លាប់មានពីមុន ដែល​គេឱ្យឈ្មោះថា «នរសម័យ ឬ​យុគសម័យមនុស្ស​» របាយការណ៍ថ្មីមួយ​ដែលចេញផ្សាយ​ដោយ​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) គូសបញ្ជាក់ថា យើងកំពុង​ស្ថិត​នៅ​ចំពេលមួយដ៏សំខាន់​បំផុត ដែលប្រទេសនានា ចាំបាច់​ត្រូវ​រៀបចំឡើងវិញ នូវ​មាគ៌ានៃការអភិវឌ្ឍ​របស់ខ្លួន ដើម្បីកាត់បន្ថយសម្ពាធនានារបស់មនុស្សដែលមានគ្រោះថ្នាក់ទៅលើភពផែនដីរបស់យើង។

របាយការណ៍អភិវឌ្ឍន៍មនុស្សចុងក្រោយ​ចេញផ្សាយដោយ UNDP បង្ហាញពីសន្ទស្សន៍បែប​ជាការពិសោធន៍ថ្មីមួយ សម្រាប់វាស់វែងវឌ្ឍនភាព​របស់មនុស្ស ដោយ​ពិចារណាលើការបំភាយ​ឧស្ម័នកាបូនិច ក្នុងបណ្តាប្រទេសនានា ព្រមទាំង​លើបរិមាណសរុបនៃវត្ថុធាតុដើមដែលប្រើប្រាស់ នៅតាមប្រទេស​ទាំងនោះ បន្ថែមពីលើការវាស់វែង​សុខភាព ការអប់រំ និងជីវភាព​រស់នៅ។  តាមរយៈការកែសម្រួលសន្ទស្សន៍​អភិវឌ្ឍន៍មនុស្ស (HDI) ដោយដាក់បញ្ចូល​ធាតុផ្សំបន្ថែមទាំង​ពីរ​នេះ របាយការណ៍ឆ្នាំ២០២០នេះបង្ហាញឱ្យឃើញថាការ​អភិវឌ្ឍរបស់សកលលោក​ទាំងមូល​នឹងមានការផ្លាស់ប្ដូរ ប្រសិនបើ​សុខុមាលភាព​របស់​មនុស្ស​ និងភពផែនដី ត្រូវបានចាត់ទុកថាជាកត្តា ដែលបំពេញតួនាទីសំខាន់ ​ក្នុងការ​កំណត់ពីវឌ្ឍនភាព​របស់មនុស្សជាតិ។

តាមរយៈការប្រើប្រាស់​សន្ទស្សន៍ HDI ដែលត្រូវ​បានបញ្ជូល​បន្ថែមការគិតគូពីសម្ពាធ​របស់ការអភិវឌ្ឍមនុស្សមកលើផែនដី ឬហៅកាត់ថា PHDI ប្រទេស​ជាង ៥០ បានចាកចេញពី​ក្រុមប្រទេស​ដែលមានការអភិវឌ្ឍមនុស្សក្នុងកម្រិតខ្ពស់បំផុត  ដែលជាការឆ្លុះបញ្ចាំងពី​ការ​ពឹង​ផ្អែកនៃប្រទេសទាំងនេះលើ​ឥន្ធនៈហ្វូស៊ីល និង​ការប្រើប្រាស់វត្ថុធាតុដើមក្នុងបរិមាណដ៏ច្រើន។ មានប្រទេស​ណាមួយ​នៅក្នុងពិភព​លោកបាន​សម្រេចការ​អភិវឌ្ឍមនុស្ស​ក្នុងកម្រិតមួយដ៏ខ្ពស់ ដោយពុំបានដាក់សម្ពាធ​ខ្លាំងក្លាលើផែនដីនោះឡើយ។

នេះជាការ​វាយតម្លៃពីការអភិវឌ្ឍរបស់មនុស្ស ​ដែលមិនសូវជា​ល្អ ប៉ុន្តែជាការវាយតម្លៃកាន់តែសុក្រិតជាងមុនដើម្បីវាស់វែងពីការអភិវឌ្ឍរបស់មនុស្សជាតិ។

បើទោះជា​មានការកែសម្រួលបែបនេះក៏ដោយ កម្ពុជានៅតែ​ទទួល​ពិន្ទុ​ខ្ពស់ជាងមុន នៅក្នុងសន្ទស្សន៍នេះ។ បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា​ចាំបាច់ត្រូវ​ខិតខំបន្ថែមទៀត​ បន្តពី​អ្វីដែលសម្រេច​បាននេះ។ ការអភិវឌ្ឍមនុស្សដែលផ្តោតការយកចិត្តទុកដាក់លើធម្មជាតិផ្តល់នូវឱកាសក្នុងពន្លឿនវឌ្ឍនភាពប្រកបដោយនវានុវត្ត ប្រសិទ្ធិភាព និងសមធម៌ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក Nick Beresford អ្នកតំណាងនវេសនដ្ឋាន UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា «ព្រះរាជាណាចកក្រកម្ពុជាអាចជាប្រទេសគម្រូមួយក្នុងការបង្ហាញអំពីដំណើរស្របគ្នារវាងរវាងការអភិវឌ្ឍន៍មនុស្ស និងនិរន្តរភាពបរិស្ថាន។ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ការលើកកម្ពស់ការវិនិយោគក្នុងសេដ្ឋកិច្ចបៃតង រាប់បញ្ចូលទាំងការពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធបរិស្ថានដូចជា ថាមពលកកើតឡើងវិញ មធ្យោបាយដឹកជញ្ជូនបៃតង កសិកម្មដែលធននឹងការប្រែប្រួលអាកាសធាតុ និងការពង្រីកសហគមន៍ព្រៃឈើ ទាំងអស់នេះផ្តល់នូវឱកាសសម្រាប់កម្ពុជាដើម្បីសម្រេចបាននូវការអភិវឌ្ឍមនុស្សក្នុងកម្រិតមួយកាន់តែប្រសើរ រួមជាមួយនឹងកំណើនសេដ្ឋកិច្ចដែលប្រកបដោយបរិយបន្ន និងនិរន្តរភាព។»

UNDP គឺជា​ស្ថាប័ន​ដែល​ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព​ និងបំពេញតួនាទីយ៉ាង​សំខាន់ក្នុងនាម​ជា​អ្នកប្រមូលផ្ដុំសកម្មភាពនានា​ ដើម្បីឈានទៅសម្រេច​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នៅកម្ពុជា UNDP បាន​គាំទ្រ​ដល់​ការ​កែសម្រួល​ និងការអនុម័តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និង​បានលើកកម្ពស់​ការអភិវឌ្ឍមនុស្ស​ ក្រោមគោលការណ៍មិនទុកអ្នកណាម្នាក់ចោល ហើយ​ក្នុងពេលជាមួយគ្នា​បាន​កំពុងគាំទ្រ​ដល់ការ​បង្កើនការយល់ដឹង​អំពី​ការប្រើប្រាស់ជម្រើស​ថាមពលកកើតឡើងវិញ ការឆ្លើយតប​ចំពោះ​បញ្ហា​សំណល់ប្លាស្ទិក និងការធ្វើអន្តរកាលឆ្ពោះទៅ​សេដ្ឋកិច្ចវិលជុំ ព្រមទាំង​ការអនុវត្ត​គម្រោង​ជាច្រើនផ្សេងទៀត៕

របាយការណ៍ទាំងស្រុង៖ http://hdr.undp.org/en/2020-report