អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានឧបករណ៍ការពារ និងសម្ភារអនាម័យ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មឆ្លងដែនក្នុងអំឡុងពេលនៃវិបត្តជំងឺកូវីដ-១៩

17 December 2020

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០៖ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានប្រគល់ឧបករណ៍ការពារ និងសម្ភារអនាម័យសំខាន់ៗជូន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ-19 និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងដែនក្នុងអំឡុងពេលនិងក្រោយពេលនៃវិបត្តជំងឺកូវីដ-១៩។

សម្ភារទាំងនោះរួមមានដូចជា ឧបករណ៍ការពារខ្លួន ដែលនឹងប្រគល់ជូនភ្នាក់ងារព្រំដែន រួមនឹងសម្ភារអនាម័យ ដូចជា ឧបករណ៍វាស់កម្ដៅដើរដោយប្រព័ន្ធអ៊ីនហ្វ្រារ៉េដ ម៉ាស៊ីនថតចាប់កម្ដៅ និងឧបករណ៍បាញ់ សម្លាប់មេរោគដែលតោងជាប់ កញ្ចប់ទំនិញជាដើម។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងចែកឧបករណ៍ចាំបាច់បន្ទាន់ទាំងនេះ ជូនច្រកពាណិជ្ជកម្មឆ្លងដែនសំខាន់ៗ ដូចជា ប៉ោយប៉ែត បាវិត ភ្នំដិន និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

តាំងពីពេលចាប់ផ្តើមមានការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ មក UNDP និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បាន និងកំពុងធ្វើការងាររួមគ្នា ដើម្បីឱ្យមានការបន្តបើកព្រំដែនសម្រាប់សកម្មភាពពាណិជ្ជកម្មឆ្លងដែន ដូចជា ការនាំចេញ និងការនាំចូល និងដើម្បីគោរពតាមវិធានការសុខភាព និងសុវត្ថិភាពអនាម័យសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងអំឡុងពេលនៃវិបត្តជំងឺកូវីដ-១៩។ ការសហការនេះ រួមមាន ការវាយតម្លៃរហ័សនៅច្រកព្រំដែនទាំង ៣ ខាងលើ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងឧបសគ្គនានាដែលរារាំងដល់រំហូរសកម្មភាពពាណិជ្ជកម្មឆ្លងដែន ក៏ដូចជា ហានិភ័យដែលប៉ះពាល់ដល់អ្នកដែលធ្វើការងារនៅតាមបណ្ដោយព្រំដែន។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលការឆ្លងរាលដាលជាសកលនៅតែបន្តកើតមាន កិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យមានការបន្តបើកទ្វារទទួលយករំហូរទំនិញ និងរក្សាអនាម័យសម្រាប់គ្រប់ទំនិញរូបវន្តទាំងអស់ ដើម្បី​បង្ការភាពយឺតយ៉ាវ និងការកកស្ទះ នៅតែមានសារៈសំខាន់ជាខ្លាំង។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា ស្របតាមវិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការផ្ទុះឡើងការចម្លងមេរោគកូវីដ-១៩ ការឧបត្ថម្ភឧបករណ៍សម្រាប់ប្រើប្រាស់ និងសម្ភារអនាម័យរបស់ UNDP និងជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី គឺមានសារៈសំខាន់ខ្លាំងនិងចំស្ថានភាពក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលមេរោគកូវីដ-១៩។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានដាក់អនុវត្តវិធានការគន្លឹះដែលដកស្រង់ចេញពីររបាយការណ៍របស់ UNDP ក្នុងការពង្រឹងការអនុវត្តវិធានការការពារនៅតាមមាត់ច្រកព្រំដែន ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមាន និងបន្តជម្រុញកិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ ។

លោក Nick Beresford តំណាងនិវេសនដ្ឋាន UNDP ប្រចាំព្រះរាជាណាចកក្រកម្ពុជា មានប្រសាសន៍ថា «ការបន្តបើកព្រំដែនសម្រាប់សកម្មភាពពាណិជ្ជកម្មដែលមានសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជាសកលនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំង។ ក្រៅពីកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុតដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ ការផ្ដល់ឧបករណ៍ការពារខ្លួន និងសម្ភារអនាម័យ ក៏ជួយទ្រទ្រង់ដល់សមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការស្តាឡើងវិញឱ្យបានកាន់តែប្រសើរ ព្រមទាំងបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងប្រទេសជិតខាងរបស់ខ្លួន។»

«ជំងឺកូវីដ-១៩ បង្កការរំខានដល់ពាណិជ្ជកម្មពិភពលោកយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខស្បៀង និងការទទួលបានការផ្គត់ផ្គង់ដែលចាំបាច់នានា។ ក្រៅពីការផ្តល់នូវឧបករណ៍ចាំបាច់ទាំងនេះ រដ្ឋាភិបាលអូស្ត្រាលីក៏គាំទ្រដល់នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការពង្រឹងនិងអនុវត្តគោលការណ៍សុខភាព និងអនាម័យនៅតាមច្រកព្រំដែនផងដែរ។ នេះគឺដើម្បីធានាថាព្រះរាជាណាចក្រកម្ពុជា នឹងនៅតែមានសុវត្ថិភាព និងបើកទូលាយសម្រាប់ពាណិជ្ជកម្មឆ្លងដែន ដើម្បីជួយដល់ការស្តាសេដ្ឋកិច្ចឡើងវិញ» នេះជាប្រសាសន៍របស់ ឯកឧត្តម Kang Pablo អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។

ពិធីផ្ទេរឧបករណ៍សម្ភារនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ រដ្ឋាភិបាលអូស្ត្រាលី និង UNDP ដើម្បីអនុវត្តគម្រោង «សម្រួលការអនុវត្តវិធានការសុខភាព និងសុវត្ថិភាព និងអនាម័យការពារជំងឺកូវីដ-១៩ ក្នុងការធ្វើពាណិជ្ជកម្ម»។ គម្រោងនេះ រួមចំណែកធានាអនាម័យ សម្រាប់គ្រប់មុខទំនិញរូបវន្តទាំងអស់ដែលឆ្លងកាត់តាមព្រំដែនព្រះរាជាណាចក្រកម្ពុជា។